គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត រៀបចំពិធីជួបជុំជាមួយបុគ្គលិកនៅភ្នំពេញ ដើម្បីអបអរភាពជោគជ័យ រយៈពេល២៥ឆ្នាំ

ភ្នំ​ពេញ (ថ្ងៃ​ទី​២៧ ខែ​ឧសភា) ដើម្បី​អប​អរ​​​​​ភាព​​រីក​ចម្រើន និង​ភាព​ជោគ​ជ័យ​អស់​រយៈ​ពេល​២៥​ឆ្នាំ ក្រេឌីត (KREDIT) ដែល​ជា​គ្រឹះស្ថានមួយ​ក្នុង​ចំណោមគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឈាន​មុខ​មួយនៅ​ប្រទេស​​កម្ពុជា បាន​រៀប​ចំ​​ការ​ជួប​​ជុំ​ជាមួយ​នឹង​​​បុគ្គ​លិក​របស់​ខ្លួន​​ចំនួន​ជាង៧០០​នាក់​ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ នៅឯ​​សណ្ឋា​គារ​សូហ្វី​ថែល ប៉ូកេត្រា ភ្នំពេញ(Sofitel Phokeethra Phnom Penh) កាល​ពីថ្ងៃចន្ទ​។

ក្នុង​កម្ម​វិធី​អប​អរ​នេះ និយោ​ជិត​ច្រើន​ជាង​២៥០​នាក់ បាន​ទទួល​ពាន​រង្វាន់​កិត្តិ​យស វិញ្ញា​បន​ប័ត្រ និង​ទឹក​ប្រាក់​ឧប​ត្ថម្ភ​ សម្រាប់​​ការ​​​ចូល​បម្រើ​ការ​ងារ​ដ៏យូរ​អង្វែង​របស់​ពួក​គេជាមួយក្រេឌីត។

ក្រេឌីត បាន​ចាប់​​ដំណើរ​ការ​របស់​ខ្លួន​ក្នុង​នាម​ជា​គម្រោង​​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ (NGO) តូច​មួយ ក្រោម​ស្លាក​របស់​អង្គ​ការ​សម្រាល​ទុក្ខ​​មនុស្សជាតិសហ​រដ្ឋ​​អាមេរិក ក្នុង​ឆ្នាំ​១៩៩៣ និង​បាន​វិវឌ្ឍ​ខ្លួន​អស់​រយៈ​ពេល​២៥​ឆ្នាំ​ដើម្បី​ក្លាយ​ជា​ស្ថា​ប័ន​មួយ​ក្នុង​ចំណោម​ស្ថា​ប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ នៅ​កម្ពុជា​។ បេស​កកម្ម​ស្នូល​​មួយ​របស់​ស្ថាប័ន​មួយ​នេះ គឺ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​របស់​កម្ពុជា តាមរយៈ​សេវា​ហិរញ្ញ​វត្ថុ​របស់​ខ្លួន និង​កម្ម​វិធី​សង្គម​ដ៏រឹ​ង​មាំ​មួយ​ដើម្បី​ជួយ​​ទ្រ​ទ្រង់​ក្នុង​ដំណាក់​កាល​លំបាក​បំផុត​។

លោក​​ ចាន់ ម៉ាច នាយក​ប្រតិ​បត្តិ​របស់​ស្ថា​ប័ន​ក្រេឌីត បាន​ថ្លែង​ក្នុង​ពិធី​ជួប​ជុំ​​នោះ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​​ដំឡើង​ឋានៈ​ជា​​នាយកប្រតិ​បត្តិ​​ការ ក្នុង​​ឆ្នាំ​២០០៣ ក្រេឌីត មាន​​បុគ្គ​លិក​​ត្រឹម​តែ​៧០​នាក់​ និង​មាន​​ប្រាក់​កម្ចី​សរុប​ចំនួន​៦០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ពេលនេះ យើង​​បានក្លាយ​ជា​អង្គ​ភាពមួយ​ក្នុង​ចំណោម​​អង្គ​ភាព​ដ៏សំខាន់​ក្នុង​ប្រទេស​នេះ ដោយ​មាន​បុគ្គ​លិក​សរុបជាង​ ១ ៧០០​នាក់ ដែល​កំពុង​ប្រតិ​បត្តិ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ក្នុងកម្ពុជា និង​​​កំពុង​បម្រើ​ជូន​ដល់​អតិ​ថិ​​ជន​រាប់​ម៉ឺននាក់​»​។

ក្រេឌីត បាន​ទទួល​​អាជ្ញា​បណ្ណ​ ​ពី​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុង​ឆ្នាំ​២០០៤ ដើម្បី​ក្លាយ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ជាផ្លូវ​ការ​ ហើយ​ក្នុង​ឆ្នាំ​២០១០ បានក្លាយ​ជា​​គ្រឹះស្ថានមួយ​ក្នុង​ចំណោម​គ្រឹះស្ថានដំបូង​គេ​​ដែល​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​​ធនា​គារ​ជាតិ​ក្នុង​នាម​ជា​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ​​ (MDI)​។

ក្រុម​ហ៊ុន PhillipCapital ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ប្រចាំ​តំបន់ និង​ទូ​ទាំង​ពិភព​លោក​ដ៏​ធំ​មួយ ដែល​មានមូល​ដ្ឋាននៅប្រទេស​សិង្ហ​បុរី បាន​ក្លាយ​ជា​ម្ចាស់​​ភាគ​ហ៊ុន​ធំ​ របស់ ​ក្រេឌីត ក្នុង​ឆ្នាំ​២០១២ ហើយ​ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន​មួយ​នេះ បាន​ទិញ​យក​ភាគ​ហ៊ុន​ដែល​នៅ​សេស​សល់ទាំង​អស់ ដើម្បី​​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​តែ​ម្នាក់​ឯង​។

ក្រុម​ហ៊ុន PhillipCapital ក៏​ជា​ម្ចាស់​កម្ម​សិទ្ធិ​លើ​ធនា​គារ PhillipBank ដែល​បច្ចុប្បន្ន ប្រតិ​បត្តិ​លើ​សា​ខា​ចំនួន​៦​នៅ​រាជ​ធានី​ភ្នំ​ពេញ ដោយ​ផ្តល់​ផលិត​ផល​ក្នុង​វិស័យ​ធនា​គារ​សា​ជីវកម្ម​បែប​ច្នៃ​ប្រឌិត​ដ៏​ទូលំ​ទូលាយ​ ក៏ដូច​ជា​​ម្ចាស់​កម្ម​សិទ្ធិ​លើ​ក្រុមហ៊ុន​ផ្តល់​សេវា​​ធា​នា​រ៉ប់​រង​ជា​ទូ​ទៅ Phillip General Insurance និង​​ក្រុមហ៊ុន​ផ្តល់​​សេវា​ធា​នា​រ៉ាប់​រង​លើ​អាយុ​ជីវិត Phillip Life Assurance​។

ក្រុមហ៊ុន PhillipCapital បាន​បង្កើន​ទុន​របស់​ខ្លួន​នៅកម្ពុជា ពី​ទឹកប្រាក់​វិនិយោគ​ដំបូង​ចំនួន​​១០​ម៉ឺន​ដុល្លារ ក្នុង​ស្ថា​ប័ន First Finance ដែល​កាល​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា First Home ក្នុង​ឆ្នាំ​២០០៩ រហូត​ដល់​ទឹក​ប្រាក់ជាង​១១០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​​វិនិយោគ​នៅកម្ពុជាសព្វ​ថ្ងៃ​នេះ ក្នុង​ធនា​គារ PhillipBank គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ក្រេឌីត និង​អាជី​វកម្ម​ធា​នា​រ៉ាប់​រង​​។

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃក្រុមហ៊ុន PhillipCapital ដែល​មាន​ទី​តាំង​ក្នុង​ប្រទេស​ជាង​១៥  ក្រេឌីត អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​អ្នក​ឯក​ទេស​អន្តរ​ជាតិ និង​ក្រុម​​ការ​ងារ​សកល ស្រប​ពេល​ដែល​​ស្ថា​ប័ន​នៅ​តែ​​ប្រកាន់​ភ្ជាប់​​នូវ​បេស​កកម្ម​ដើម​របស់​ខ្លួន​ទៅលើ​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា តាមរយៈ​ការ​​ផ្តល់​សេវា​ហរិញ្ញ​វត្ថុ​ដល់​ប្រ​​ជា​ជន​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល​។

លោក​​ ចាន់ ម៉ាច មាន​ប្រសាសន៍​ថា​៖ «កេរិ៍្ត​ឈ្មោះ​របស់​ក្រេឌីត មិន​ត្រឹម​តែ​​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​ទទួល​ផល និង​អតិ​ថិ​ជន​របស់​យើងប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ទទួល​បាន​ការ​កោតសរសើរ​ពី​ដៃ​គូ​​ក្នុងស្រុក និង​អន្តរ​ជាតិ​​របស់​យើង ក៏ដូច​ជា​អាជ្ញា​ធរ​​ក្នុងតំបន់​​គ្រប់​​ជាន់​ថ្នាក់​​ផងដែរ។ ពួក​​គាត់​​ជឿ​ទុក​ចិត្ត និង​ផ្តល់​តម្លៃ​ឲ្យ​យើង ជា​ពិសេស​ទៅ​លើ​​សេវា​​បន្ថែម​មិនមែន​ហិរញ្ញ​វត្ថុ​ដែល​យើង​ផ្តល់​ដល់​សហ​គមន៍ ដោយគ្មាន​​​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ធំ​ៗណាបាន​ផ្តល់​ឲ្យ ដូច​ជា វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ហិរញ្ញ​វត្ថុ វគ្គ​បណ្តុះ​បណ្តាល​កសិ​កម្ម និង​​វគ្គ​បណ្តុះ​បណ្តាល​ក្នុង​នាម​ជា​ឪពុក-ម្តាយ​ល្អ»​។

ក្រេឌីត បាន​​ស្ថិតក្នុង​ទី​តាំង​ឈានមុខ​គេ​​លើ​ការ​អភិ​វឌ្ឍ​ឥត​ឈប់​ឈរ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា និង​បាន​​សម្រប​ខ្លួន​យ៉ាង​​ឆាប់​រហ័ស​ទៅនឹង​បច្ចេក​វិទ្យា​ថ្មី និង​ដាក់​ឲ្យ​​ដំណើរ​ការ​នូវ​ផលិត​ថ្មី​ៗ​ជាច្រើន ដើម្បី​ធា​នា​ថា អតិ​ថិ​ជន​បស់​ខ្លួន​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​សម្រប​ខ្លួន​ទៅនឹង​​ការ​​ប្រតិ​បត្តិ​ក្នុង​ធនា​គារ​​សកល​នា​សម័យ​ទំនើប​។

ដោយ​មិន​ពឹង​ផ្អែក​តែ​លើ​ភាព​ជោគ​ជ័យ​កាលពី​មុន​របស់​​ខ្លួន បច្ចុប្បន្ន ក្រេឌីត កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​ថ្ងៃ​​អនា​គត ខណៈ​ដែល​ស្ថា​ប័ន​នេះ បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​របស់ខ្លួន​ជា​មួយ​នឹងក្រុមហ៊ុន PhillipCapital។

លោក​ ចាន់ ម៉ាច មាន​ប្រសាសន៍បញ្ចប់​ថា៖ «យើង​នឹង​​បោះ​ជំហាន​ទៅ​មុខ​១​ដំណាក់​កាល​ទៀត ក្នុង​នាម​ជា​ធនា​គារ​ពាណិជ្ជ​មួយ ដែលមាន​ទ្រព្យ​សកម្ម​កាន់​តែ​ច្រើន​ជាង​មុន​។ យើង​នឹង​​ទទួល​បាន​ឱកាស​ក្នុង​ការ​រៀន​នូវ​ចំណេះ​ដឹង និង​ទំនាញ​ថ្មី​ៗ​ជាច្រើន​។ យើង​នឹង​ផ្តល់​ផលិត​ផល​ផ្នែក​ហិរញ្ញ​វត្ថុ​ និង​សេវា​កាន់​តែ​សម្បូរណ៍បែបទៅ​កាន់​ទីផ្សារ ដោយ​​មាន​ចាប់​ពី​​ការ​ផ្តល់​កម្ចី​ខ្នាត​តូច រហូត​ដល់​ការ​បម្រើ​ដល់អតិ​ថិ​ជន​ជា​ក្រុមហ៊ុន​សា​ជី​វកម្ម​»​។

ស្រប​ពេល​ដែល​ក្រេឌីត នឹង​ត្រូវ​បន្ត​ដំណើរ​រយៈ​ពេល​២៥​ឆ្នាំ​ទៅ​មុខ​ទៀត អតិ​ថិ​​ជន​ទាំង​អស់ អាច​​​សម្លឹង​​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ការ​ជា​មួយនឹង​ស្ថាប័ន​មួយ​ដែល​​ច្របាច់​បញ្ចូល​គ្នា​នូវ​កេរិ៍​ដំណែល​សង្គម​ដ៏​រឹង​មាំ និង​សេវា​ហិរញ្ញ​វត្ថុ​​ផ្សេង​ៗ​ដែល​ផ្តោត​លើ​សហ​គមន៍​​តាម​ជន​បទ​របស់​កម្ពុជា រួម​ជាមួយនឹង​ផលិត​ផល និង​កា​ប្រតិ​បត្តិ​ក្នុង​វិស័យ​ធនា​គារ​ជា​សកល​បែប​ច្នៃ​ប្រឌិត ពី​ PhillipCapital ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ដ៏សំខាន់​​ប្រចាំ​តំបន់៕

Click to call!