សេចក្តីប្រកាសព័ត៌មាន “យុទ្ធនាការជំនួយជនរងគ្រោះដោយទឹកជំនន់ ១+១ និង ១+២ ជូនដល់ប្រជាពលរដ្ឋខេត្តក្រចេះ និង ស្ទឹងត្រែងចំនួន ៣០០គ្រួសារ ពី ធនាគារ ហ្វីលីព គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត និង សមាគមសិង្ហបុរីកម្ពុជា”

ធនាគារហ្វីលីព ជាធនាគារសឹង្ហបុរីតែមួយគត់នៅ​កម្ពុជា បាន​ចាប់​ដៃគូសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេឌីត ដែលជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ នាំ​មុខ​គេ​មួយ​នៅ​កម្ពុជា ក្នុង​ការ​រៀប​ចំជា​យុទ្ធ​នា​ការ​មួយ​ដែល​មានឈ្មោះថា “ យុទ្ធនាការ​ជំនួយ ១+១ និង ១+២ “ ក្នុងគោល​​បំណង​ជួយ​ដល់​ប្រ​ជាពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹង​ត្រែង និង ក្រចេះ ចំនួន​ប្រមា​ណ​ជា ៣០០ គ្រួ​សារ ក្រោម​ទឹក​ប្រាក់​ជំនួយសរុប ប្រមាណជា 13,513.68 ដុល្លារអាមេរិក។ ព្រមជាមួយនឹងការរួមវិភាគទានបន្ថែមទៀតពីសមាគមសឹង្ហបុរីកម្ពុជាដែលឧបត្ថម្ភជាអាហារកំប៉ុង និង ទឹកប្រាក់ចំនួន 2,833.58 ដុល្លារអាមេរិក។

តាមរយៈយុទ្ធនាការនេះគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរបានប្រមូលការបរិច្ចាកពី បុគ្គលិក និង អតិថិជនជាសប្បុរសជនរបស់ខ្លួនដើម្បីជួយដល់ជនរងគ្រោះ ។ ចំនួនសាច់ប្រាក់ដែលរៃអង្គាសបានពីបុគ្គលិក និង អតិថិជន បានចំនួនប៉ុន្មាន នោះធនាគារហ្វីលីព នឹងធ្វើការដាក់បន្ថែមចំនួនដូចគ្នាដែលមានន័យថា ១ថែម១ ។ ដូចគ្នានេះដែរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក៏បានធ្វើការបន្ថែមទ្វេរដងលើថវិការដែលរៃអង្គាសបានពោលគឺ រៃបានមួយបន្ថែមដល់ទៅ២ដង។

ជាងនេះទៅទៀត ក្រុមហ៊ុននាំចូលគ្រឿងឧបភោគបរិភោគដ៏ធំជាងគេនៅសឹង្ហបុរី LSH(Cambodia) ក៏បានជួយជាអាហារកំប៉ុងចំនួន ៥០កេស ទឹកដោះគោ ៦២កេស និង បង្អែមសូកូឡារចំនួន ៧០កេសផងដែរ។

លោក ហាន ប៉េង ក្វាង នាយកគ្រប់គ្រងទូទៅនៃធនាគារហ្វីលីព បានមានប្រសាសន៍ថា “ កិច្ចការនេះមិនត្រឹមជាការដើរស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ ធនាគារហ្វីលីព និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតប៉ុណ្ណោះទេ ប៉ុន្តែ ក៏ស្របតាមចក្ខុវិស័យ និងគុណតម្លៃរបស់ស្ថាប័នទាំងពីរផងដែរក្នុងការជួយសម្រាលទុក្ខរបស់សង្គម។ មិនតែប៉ុណ្ណោះក៏បានលើកទឹកចិត្តដល់បុគ្គលិក និង អតិថិជនម្នាក់ៗឲ្យមានការចូលរួមចំណែកក្នុងការជួយដល់សង្គមរបស់ខ្លួនផងដែរ។”

លោក ចាន់ ម៉ាច ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ក៏បានមានប្រសាសន៍ថា “ យើងខ្ញុំបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ពោលគឺពួកគាត់ត្រូវការជំនួយជាបន្ទាន់ និង រហ័សទាំងស្មារតី និង សម្ភារ ហើយតាមរយៈជំនួយនេះយើងខ្ញុំសង្ឃឹមជឿជាក់ថានឹងជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ឲ្យឆ្លងផុតដំណាក់កាលដ៏លំបាកបានមួយរយៈ ទម្រាំដល់ស្ថានភាពទឹកស្រកទៅវិញ”។

ចំណែក លោក អ៊ុង ទួន ហួន  ក្រុមប្រឹក្សាភិបាលធនាគារហ្វីលីព និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក៏បានបន្ថែមផងដែរថា “ ខ្ញុំសូមធ្វើការកោតសរសើរដល់បុគ្គលិក របស់ធនាគារហ្វីលីព និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីតដែលបានបង្ហាញពីទឹកចិត្តជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងប្រទេសរបស់ខ្លួន និង សូមអរគុណជាអតិបរមាដែលពួកគាត់តែងតែលះបង់ជួយដល់ក្រុមហ៊ុន និង ប្រទេសជាតិ”។

លោក ឈ យី ប្រធានសមាគមសិង្ហបុរីកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ដែរថា “ អំណោយពីសមាគមសិង្ហបុរី គឺជាអំណោយដែលមានអត្ថន័យមិត្តភាព និង ការជួយចំពោះប្រជាពលរដ្ឋកម្ពុជារងគ្រោះដោយទឹកជំនន់ យើងខ្ញុំសូមបួងសួងសូមឲ្យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទទួលបានសុវត្ថិភាព ពេញលេញ”។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត

ក្រេឌីតជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយនៅកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដោយអង្គការសម្រាលទុក្ខកម្ពុជា។ ដោយទទួលបានការគាំទ្រនិងទំនុកចិត្តជាបន្តបន្ទាប់ពីអតិថិជន រួមផ្សំនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាប្រចាំ  ក្រេឌីត បានបើកការិយាល័យរបស់ខ្លួនទៅដល់ទីជនបទដាច់ស្រយាល សរុប ៨៣ ការិយាល័យ ដែលគ្របដណ្តប់ប្រតិបត្តិការទៅលើ២០ខេត្តក្រុង។ ម្ចាស់ភាគទុនិក របស់ក្រេឌីតគឺ  Phillip Capital មកពីប្រទេសសិង្ហបុរី និង World Relief Corporation មកពីសហរដ្ឋអាមេរិក។ 

គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ក្រេឌីត មានទ្រព្យសកម្មចំនួនច្រើនជាង ២២១ លានដុល្លារ និងមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈចំនួន ១៦៦២ នាក់។ ក្រេឌីតក៏បានឈ្នះពានរង្វាន់ ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុល្បីៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងទទួលបានការទទួលស្គាល់ផ្នែកគុណភាពសេវាកម្ម និង ផលិតផលពីសំណាក់ដៃគូនានាផងដែរ។ ក្រេឌីតបានកំនត់ជាគោលការណ៍ស្នូលរបស់ខ្លួនក្នុងការរួមចូលរួមចំណែកជួយដល់សង្គមជាពិសេសអ្នកដែលមិនមានឱកាសគ្រប់គ្រាន់ដើម្បីទទួលបានជីវភាពប្រសើរឡើង។ សាច់ប្រាក់ដែលត្រូវបានកាត់ទុកជាគោលការណ៍ស្នូលនេះគឺមានចំនួន៥ទៅ១០%នៃប្រាក់ចំណេញប្រចាំឆ្នាំនីមួយៗ។

អំពីធនាគារហ្វីលីព

ធនាគារហ្វីលីព  គឺជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ PhillipCapital គឺជាស្ថាប័នហិរញ្ញវត្ថុចម្រុះនៅអាស៊ីមួយ ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥  ដែលផ្តល់ផលិតផល និងសេវាជាច្រើនប្រភេទ ដោយមានវត្តមាននៅក្នុងប្រទេសចំនួន ១៧ នៅសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃឡង់ ប្រទេសអារ៉ាប់រួម ហុងកុង ចិន ជប៉ុន ស្រីលង្ការ ចក្រភពអង់គ្លេស បារាំង ទួរគី អូស្ត្រាលី អាមេរិក កម្ពុជា និង វៀតណាម ។ គិតត្រឹមឆ្នាំ ២០១៧ ទ្រព្យសកម្មសរុបក្រោមការគ្រប់គ្រងមានចំនួន ៣៥ ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុន គឺលើសពី១.៥ ពាន់លានដុល្លារអាមេរិក។

ធនាគារហ្វីលីព បានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ២០០៩ មកម្លេះ (ក្នុងឈ្មោះជា ធនាគារហ្វងឌីប៊ីអេស) បច្ចុប្បន្នមានសាខាចំនួន៦នៅរាជធានីភ្នំពេញ និង គ្រោងពង្រីកបន្ថែមនៅទូទាំងប្រទេសកម្ពុជា។

អំពីសមាគមសិង្ហបុរីកម្ពុជា

ជាសមាគមជួយសង្គមមួយសម្រាប់ជនជាតិសិង្ហបុរី ដែលចូលរួមដោយអ្នកវិនិយោគ ម្ចាស់អាជីវកម្ម និយោជក និង កម្មករជំនាញ ឬអ្នកស្មគ្រ័ចិត្ត នៅតាមអង្កការមិនមែនរដ្ឋាភិបាល និង អង្កការសប្បុរសធម៌នានានៅកម្ពុជា ។ សមាជិកនិមួយៗតែងជួបប្រជុំគ្នារៀងរាល់ខែដើម្បីផ្លាស់ប្តូរយោបល់និងជួយគ្នាទៅវិញទៅមក។

ព័ត៌មានលម្អិតសូមទាក់ទង

លោក ហ៊ុយ ប៊ុនហួត នាយកនាយកដ្ឋានធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត

ទូរស័ព្ទលេខ ០១២ ៨៦០ ០៩៦

លោក ទ្រី វាសនា នាយកនាយកដ្ឋានទីផ្សារនិងទំនាក់ទំនងនៃធនាគារហ្វីលីព

ទូរស័ព្ទលេខ ០៩៥ ៦៦៦ ៥៦៧

Click to call!